រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អគារគង់សម្រាកព្យាបាលរបស់ព្រះសង្ឃក្នុងស្រុកបាកាន ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ ជាលើកដំបូង នៅខេត្តពោធិ៍សាត់ (Video inside)

  • 1.1ពាន់
  • ដោយ Admin
https://www.youtube.com/watch?v=ytGT6ysJcGw&feature=youtu.be

(ពោធិ៍សាត់)៖ ដោយពិនិត្យឃើញពីស្ថានភាពព្រះសង្ឃ នៅពេលអាពាធម្តងៗ ត្រូវនិមន្តទៅគង់សម្រាកព្យាបាលជារួម នៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពនានា ពុំមានកន្លែងដាក់ដោយឡែកសម្រាប់ព្រះសង្ឃទេនោះ ទើបព្រះតេជគុណសុតន្តោ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានផ្តួចផ្តើមកសាងអគារគង់សម្រាកព្យាបាលថ្មីមួយខ្នង ទំហុំ៨x១៦ម៉ែត្រ មាន៣បន្ទប់ រួមនឹងបន្ទប់ទឹក ដែលជាការចាប់ផ្តើមដំបូងគេបង្អស់ក្នុងខេត្តពោធិ៍សាត់។

ពិធីបញ្ចុះបឋមសិលានេះ បានធ្វើឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកបាកាន ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរធម្មការ និងសាសនាខេត្ត មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

ព្រះតេជគុណសុតន្តោ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន មានសង្ឃដិកាថា ដោយមើលឃើញពេលព្រះសង្ឃមានអាពាធម្តងៗ ពិបាកកន្លែងសឹងគង់ ព្រះអង្គក៏មានគំនិតសាងសង់អគារមួយខ្នង នៅក្នុងមន្ទីរពេទ្យបង្អែកបាកាននេះឡើង ដើម្បីងាយស្រួលសម្រាប់ព្រះសង្ឃគង់សម្រាកព្យាបាល កុំឱ្យនៅឡូកឡំគ្នាជាមួយអ្នកជំងឺជាគ្រហស្ប។ ព្រះគ្រូចៅអធិការវត្តបាកាន មានសង្ឃដិកាបន្ថែមថា អគារគង់សម្រាកព្យាបាលនេះ មានទំហុំ៨x១៦ម៉ែត្រ ចែកចេញជា០៣បន្ទប់ មានបន្ទប់ទឹក និងបំពាក់ដោយសម្ភារៈប្រើប្រាស់មួយចំនួន ដែលគ្រោងនឹងចំណាយបច្ច័យសាងសង់ជាង២ម៉ឺនដុល្លារអាមេរិក។ ទាំងនេះកើតឡើង ដោយសារការឯកភាពចូលរួម ពីព្រះគ្រូចៅអធិការគ្រប់វត្តក្នុងស្រុកបាកាន ជាពិសេសថ្នាក់ដឹកនាំស្រុក ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះអង្គផ្ទាល់។

ព្រះអង្គមានសង្ឃដិកាទៀតថា ពុទ្ធចក្រ និងអាណាចក្រ ដើរទន្ទឹមគ្នា ដូច្នេះបើពុទ្ធចក្ររីកចម្រើនហើយ ខាងអាណាចក្រមានការខ្វះខាតអ្វីត្រូវបំពេញឱ្យគ្នាទៅវិញទៅមក ព្រោះថាពុទ្ធចក្ររស់បានអាស្រ័យលើពុទ្ធបរិស័ទចំណុះជើងវត្ត។ ព្រះតេជគុណសុតន្តោ ឡាយ កន បានជម្រុញដល់ព្រះចៅអធិការ គណៈកម្មការ និងអាចារ្យគ្រប់បណ្តាវត្តទាំងអស់ សូមចូលរួមផ្សព្វផ្សាយ និងគៀងគរសប្បុរសជនគ្រប់លំដាប់ថ្នាក់ ដើម្បីមានសទ្ធាជ្រះថ្លា ចូលរួមបច្ច័យមកកសាងអគារគង់សម្រាក ព្យាបាលអាពាធព្រះសង្ឃនេះឡើង ជាប្រយោជន៍ដល់សង្គម។ ម្យ៉ាងទៀតព្រះតេជគុណដឹងថា មន្ទីរពេទ្យបង្អែកបាកាន ធ្លាប់បានទទួលចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ជាមន្ទីរពេទ្យគំរូ ក្នុងការរៀបចំគ្រប់គ្រងបានល្អជាងគេ។ ព្រះអង្គមានព្រះទ័យសង្ឃឹមយ៉ាងមុតម៉ាំថា នៅពេលអគារគង់សម្រាកព្យាបាលព្រះសង្ឃនៅមន្ទីរពេទ្យបង្អែកបាកានស្ថាបនារួច មន្ទីរពេទ្យបង្អែកដ៏ទៃផ្សេងទៀត ប្រាកដជាមានគំនិតសាងសង់អគារសម្រាប់ព្រះសង្ឃដូចគ្នាជាក់ជាមិនខាន។

លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានចាត់ទុកថា ការជួយសាងសង់អគារគង់សម្រាកព្យាបាលអាពាធរបស់ព្រះសង្ឃ ទុកក្នុងមន្ទីរពេទ្យបង្អែកបាកាននាពេលនេះ គឺជាទង្វើរមនុស្សធម៌សុទ្ធសាធ និងជាគំរូមួយដ៏ល្អ ក្នុងវិស័យពុទ្ធសាសនា ព្រមទាំងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ លោកក៏សូមអំពាវបន្ថែម ដល់សប្បុរសជនទាំងអស់ មេត្តារួមចំណែកជួយកសាងអគារថ្មីនេះ ព្រោះកំពុងខ្វះខាតថវិកាសាងសង់ ដើម្បីឱ្យអគារនេះ ក្លាយជាប្រយោជន៍ដល់ព្រះសង្ឃ ក្នុងមូលដ្ឋានស្រុកបាកាន៕

Ti Amo (ពស)

អត្ថបទទាក់ទង