រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម ម៉ៅ ធនិន អំពាវនាវដល់ប្រជាកសិករ ដែលមានដីនៅរ៉បនឹងប្រឡាយមេដំណាក់ឈើក្រំ ឬប្រឡាយរងនានា សូមរួមគ្នាដាំដុះបន្លែសុវត្ថិភាពគ្រប់ក្រុមគ្រួសារ ដោយកុំទុកដីឱ្យនៅទំនេរឥតប្រយោជន៍

ដោយ Adminចំនួនទស្សនា (193)

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ បានអំពាវនាវដល់ប្រជាកសិករ ដែលមានដីនៅរ៉បនឹងប្រឡាយមេដំណាក់ឈើក្រំ ឬប្រឡាយរងនានា សូមរួមគ្នាខិតខំដាំដុះបន្លែសុវត្ថិភាពគ្រប់ក្រុមគ្រួសារ កុំទុកដីឱ្យនៅទំនេរឥតប្រយោជន៍ ដែលទាំងនេះគឺដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីចូលរួមចំណែកផ្គត់ផ្គង់តម្រូវការ ឱ្យទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។

ឯកឧត្តម ម៉ៅ ធនិន បានអំពាវនាវបែបនេះ នៅបរិវេណវត្តថ្លុកដង្កោ ស្ថិតក្នុងភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក្នុងឱកាសដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា និងមន្រ្តីសាខា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ «ចាស់ឥតទីពឹង ជនមានពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកមានកូនច្រើន និងអ្នកមានជំងឺរ៉ាំរ៉ៃឬក្រីក្រ១» ចំនួន៧០គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកតាលោសែនជ័យ។

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម ម៉ៅ ធនិន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ដែលជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបន្ថែមថា ក្នុងពេលដែលពិភពលោក កំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុក្ខដាក់ខ្ពស់បំផុត ចំពោះប្រជាពលរដ្ឋងាយរងគ្រោះនៅគ្រប់មូលដ្ឋាន ព្រោះឥទ្ធិលជំងឺនេះ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនយ៉ាងធ្ងន់ធ្ងរ ក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។ ឯកឧត្តមបានគូសបញ្ជាក់ថា ​អំណោយមនុស្សធម៌ទាំងនេះ គ្រាន់តែជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកបានមួយរយៈពេលតែប៉ុណ្នោះ ដូច្នេះសូមបងប្អូនទាំងអស់ខិតខំប្រកបមុខរបរ រួមផ្សំទាំងការដាំដុះបន្លែបង្ការ ដើម្បីទ្រទ្រង់ជីវភាព ឱ្យបានកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម ម៉ៅ ធនិន ក៏បានជម្រាបជូនថា ដោយបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលរបស់យើង និងជាសំណូមពររបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ យើងបានបង្កើតស្រុកថ្មីមួយ គឺស្រុកតាលោសែនជ័យ ដើម្បីលើកយកសេវារដ្ឋបាល ខិតឱ្យកៀកនឹងជើងជណ្តើររបស់ពុកម៉ែយើង។ ហើយស្រុកថ្មី យើងនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមាន៖ មន្ទីរពេទ្យបង្អែក សាលារៀន ល ផ្លូវថ្នល់ បណ្តាញភ្លើង តំបន់រដ្ឋបាលប្រមូលផ្តុំ និងទីប្រជុំជនស្រុក ឱ្យមើលឃើញពីរចនាបទខ្មែរ។ ទន្ទឹមនឹងការអភិវឌ្ឍស្រុកថ្មីនេះឡើង ប្រមុខនៃរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែង ជាក់ស្តែងនៅទីនេះ យើងមានទំនប់ដំណាក់ឈើក្រំ និងផ្នែកខាងក្រោម យើងមានទំនប់ដំណាក់អំពិល ទំនប់ចារឹក មុននឹងហូរទៅដល់បឹងទន្លេសាប។

ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ធនិន បានស្នើដល់ប្រជាពលរដ្ឋ ឱ្យចូលរួមសហការផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការ និងទប់ស្គាត់ឱ្យបានទាន់ពេលវេលា នូវរាល់បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យល្អប្រសើរ។

អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៧០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, សាប៊ូ និងថវិកាចំនួន២ម៉ឺនរៀល៕

Ti Amo (ពស)

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by Pursat Administration

កែប្រែចុងក្រោយ : 18 ម៉ោងមុន