រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់ថ្នាក់ដឹកនាំតាមបណ្តាការិយាល័យអប់រំស្រុកក្រុង ទូទាំងខេត្ត ត្រូវចុះពិនិត្យជាប្រចាំ និងរៀបចំសាលារៀន ឱ្យសាកសមជាសាលាគម្រូ និងមានបរិស្ថានអប់រំស្អាតល្អ

  • 1.4ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ ជាពិសេសតាមបណ្តាការិយាល័យអប់រំក្រុងស្រុក ទូទាំងខេត្ត ត្រូវចុះ ពិនិត្យវាយតម្លៃជាប្រចាំ និងខិតខំរៀបចំសាលារៀន ប្រកបទៅដោយបរិស្ថានអប់រំ ឱ្យសាកសមជាមជ្ឈមណ្ឌល ជាថ្នាល ជាពុម្ព ជាជាងចម្លាក់ ដែលបណ្តុះមនុស្សថ្មី ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅអប់រំ ឱ្យក្លាយជាសាលារៀនគម្រូពិតប្រាកដ។

ឯកឧត្តមបានស្នើបែបនេះ នៅបរិវេណសាលាស្រុកបាកាន ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការស្រុកបាកាន និងប្រកាសតែងតាំងប្រធានស្តីទី ការិយាល័យអប់រំ យុវជន និងកីឡាស្រុកបាកាន ដោយបានការចូលរួមពី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរស្រុក ឃុំ ប្រធានការិយាល័យអប់រំតាមបណ្តាស្រុកក្រុង និងមន្ត្រីអប់រំ យុវជន និងកីឡាយ៉ាងច្រើនកុះករ។

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ការប្រកាសតែងតាំង ប្រធានស្តីទី ការិយាល័យអប់រំស្រុកបាកាននាពេលនេះ គឺដោយសារប្រធានចាស់មានកំហុសឆ្គង និងខ្វះចន្លោះក្នុងការដឹកនាំ ដែលនេះវាមិនមានអ្វីផ្លែកនោះទេ ព្រោះកន្លងមករដ្ឋបាលខេត្ត បានអនុវត្តរួចមកហើយក្នុងការតែងតាំង គឺមានតាំងពីថ្នាក់ដឹកនាំមន្ទីរ អភិបាលស្រុក ក្រុង និងការិយាល័យនានា ដើម្បីឱ្យយន្តការគ្រប់គ្រងដឹកនាំមានតម្លាភាព និងគុណភាព។

ជាការពិតណាស់ថា «វិស័យអប់រំ យុវជន និងកីឡា ដែលមានលោកគ្រូ អ្នកគ្រូជាអ្នកអនុវត្តន៍ផ្ទាល់ គឺជាគ្រួសារគំរូ ជាឳពុកម្តាយទី២ ជាពុម្ព និងជាថ្នាលបណ្តុះបណ្តាលមនុស្សថ្មី ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន, ទន្ទឹមនឹងនោះគ្រប់ទង្វើ និងសកម្មភាព របស់លោកគ្រូ អ្នកគ្រូ សុទ្ធតែជាការអប់រំ ដូច្នេះគប្បីយកចិត្តទុកដាក់ មានឆន្ទះក្នុងការបំពេញការងារ មានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានការបណ្តុះនូវចរឹកជាតិនិយម»

ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៀតថា សុខសន្តិភាព និងស្ថេរភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ធានានូវការអភិវឌ្ឍន៍លើគ្រប់វិស័យ សម្តៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនយើង។ កត្តាដែលយើងផ្តោតការយកចិត្តទុកដាក់សំខាន់នោះ សូមថ្នាក់ដឹកនាំជាន់ថ្នាក់ គប្បីអនុវត្តតួនាទីភារកិច្ចដែលរដ្ឋប្រគល់ជូនឱ្យអស់លទ្ធភាព ក្នុងនាមខ្លួនយើងជាថ្នាក់ដឹកនាំគេ ត្រូវមានព្រហ្មវិហាធម៌ទាំង៤ មានវប្បធម៌ចែករំលែក បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ ស្រលាញ់គ្នាដូចគ្រួសារតែមួយ មានមនសិការស្នោះត្រង់ និងយោគយល់ឱ្យគ្នាទៅវិញទៅមក។ ទាំងអស់នេះ គឺជាកិត្តិយស និងភាពថ្លៃថ្នូ របស់លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តទាំងមូល ដែលទទួលបានការសាទរ ពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋជាក់ជាមិនខាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់លោកគ្រូ អ្នកគ្រូ និងអ្នកចូលរួម ជាង៤០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១។ ដោយឡែកសម្រាប់អ្នកគ្រូមានផ្ទៃពោះ និងត្រៀមឆ្លងទន្លេ ក្នុងម្នាក់ៗទទួលបានការឧបត្ថម្ភនូវសារុង៣ និងថវិកាបន្ថែមមួយចំនួនជូនដល់គ្រួសារនិវត្តន៍ជនផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង