រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ពលរដ្ឋងាយរងគ្រោះជិត៧០០គ្រួសារ នៅស្រុកកណ្តៀង ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តពោធិ៍សាត់

  • 635
  • ដោយ Admin

(ពោធិ៍សាត់)៖ លោក ខូយ រីដា អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា និងមន្រ្តីសាខា នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៦៧៥គ្រួសារ នៅក្នុងបរិវេណវត្តរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ខូយ រីដា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ដែលជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

អនុប្រធានអចិន្ត្រៃយ៍រូបនេះ បានបន្ថែមថា ក្នុងពេលដែលពិភពលោក កំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុត ចំពោះប្រជាពលរដ្ឋងាយរងគ្រោះនៅគ្រប់មូលដ្ឋាន ព្រោះឥទ្ធិលជំងឺនេះ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង ជីវភាពរបស់បងប្អូនយ៉ាងធ្ងន់ធ្ងរ ក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។

លោក ខូយ រីដា បានជម្រាបថាអំណោយមនុស្សធម៌ទាំងនេះ គ្រាន់តែជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកបានមួយរយៈពេលតែប៉ុណ្នោះ ដូច្នេះសូមបងប្អូនទាំងអស់ខិតខំប្រកបមុខរបរ ដើម្បីទ្រទ្រង់ជីវភាព ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

អំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៦៧៥គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា ២ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង