រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ថ្ងៃនេះ! អភិបាលខេត្តពោធិ៍សាត់ ប្រើប្រាស់តួនាទីទៅតាមឋានានុក្រមគ្រួសារ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បាន៤១ករណី (Video inside)

  • 1.5ពាន់
  • ដោយ Admin
https://www.youtube.com/watch?v=d7XPPBti9xY

(ពោធិ៍សាត់)៖ បញ្ហាប្រឈម ក៏ដូចជាសំណូមពរ ដែលប្រជាពលរដ្ឋជួបប្រទះ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន៤១ករណី ត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ធ្វើការសម្របសម្រួល និងដោះស្រាយជូន ជាលក្ខណៈគ្រួសារ ទៅតាមលទ្ធភាពជាក់ស្តែង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់។

កិច្ចសម្របសម្រួល និងដោះស្រាយខាងលើ បានការចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បញ្ហាប្រឈម និងសំណូមពរទាំង ៤១ករណីនោះរួមមាន៖ ទំនាស់ក្រុមគ្រួសារ, ទំនាស់ដីធ្លី (ទំនាស់ព្រំដី, ទំនាស់ដីជាន់កម្មសិទ្ធិ), ជំពាក់បំណុលគេ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍...។ល។

បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងកិច្ចដំណោះស្រាយខាងលើ ឯកឧត្តម ម៉ៅ ធនិន បានសូមឱ្យភាគីទាំងសង្ខាងនិយាយតែការពិត មានការទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន ដែលបានធ្វើកន្លងមក កុំប្រកែកយកឈ្នះរៀងៗខ្លួន ដោយគ្មានឯកសារផ្លូវច្បាប់ និងត្រូវមានការសណ្ដោសប្រណីឱ្យគ្នាទៅវិញទៅមក ដើម្បីអាចបញ្ចប់រឿងបាន ចៀសវាងប្ដឹងផ្ដល់គ្នាទៅដល់តុលាការ នាំឱ្យខាតបង់ទាំងពេលវេលា និងថវិកា។ លោកប្រធានការិយាល័យប្រជាពលរដ្ឋបន្ថែមថា ឯកឧត្តមអភិបាលខេត្ត ជានិច្ចជាកាលបានលើកឡើងថា «អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ»

លោកប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្តថា សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ចាប់តាំងពីម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ០១ និង០០នាទីរសៀល ឯកឧត្តម ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញតួនាទីទៅតាមឋានានុក្រមគ្រួសារ ជាកូន ជាក្មួយ ជាបង និងជាប្អូន ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈម ជូនប្រជាពលរដ្ឋបានចំនួន៤១ករណី និងនៅសេសសល់ប៉ុន្មានករណីផ្សេងទៀត ទៅបន្តនៅសប្តាហ៍ក្រោយ។

ដំណោះស្រាយប្រកបដោយភាពប៉ិនប្រសព្វ មានគុណធម៌ និងភាពឈ្លាសវៃ របស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឱ្យភាគីទាំងសង្ខាងទទួលយកដោយការពេញចិត្ត មានភាពកក់ក្ដៅ និងគ្មានការគុំគួនទៅថ្ងៃខាងមុខនោះឡើយ។ វិធីសាស្ត្រសម្របសម្រួលបែបនេះ ពិតជាវិធីសាស្ត្រមួយដ៍ល្អប្រសើរ ក្នុងការជួយដល់ប្រព័ន្ធយុត្តិធម៌ ជាពិសេសអ្វីដែលអស្ចារ្យទៅទៀតនោះ ដោះស្រាយបញ្ហារួចត្រឡប់ទៅផ្ទះវិញ បើចាស់ជរា ជនពិការ ស្រ្តីកូនតូច ឬស្ត្រីមានផ្ទៃពោះ ឯកឧត្តមអភិបាលខេត្ត បានជូនជាអង្ករ ថវិកា ឬសារុង សម្រាប់ជួយដោះស្រាយជីវភាព និងសម្រាលបន្ទុកជាដើម៕

Ti Amo (ពស)

អត្ថបទទាក់ទង