រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន៖ «រឿងជម្លោះគ្រប់យ៉ាង បើយើងសន្សំទុកក្នុងខ្លួន វាហាក់បីដូចជាជំងឺមួយដែលគ្មានថ្នាំព្យាបាល» (Video inside)

  • 1.2ពាន់
  • ដោយ Admin
https://www.youtube.com/watch?v=Edio3tE-54U

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា «ជម្លោះគ្រប់យ៉ាងទាំងអស់ បើយើងសន្សំទុកក្នុងខ្លួន វាហាក់បីដូចជាជំងឺមួយដែលគ្មានថ្នាំព្យាបាល ហើយយើងមានតែបាត់បង់នូវសុខភាព ភាពវ័យឆ្លាត និងសុភមង្គលគ្រប់បែបយ៉ាងនៅក្នុងខ្លួន និងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ»។

ឯកឧត្តមបានលើកឡើងបែបនេះ នៅលើសាលាឆាន់វត្តដូងជ្រុំ ស្ថិតក្នុងភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ក្នុងឱកាសចុះដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈម ក៏ដូចជាទំនាស់ផ្សេងៗគ្នា ចំនួន៤ករណី ដល់មូលដ្ឋានផ្ទាល់។ សកម្មភានេះ ធ្វើឡើងដោយបានការចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសបើកកិច្ចដំណោះស្រាយ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ដោយមិនចង់ឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ ធ្វើដំណើរទៅឆ្ងាយដល់សាលាខេត្តនោះ, ថ្នាក់ដឹកនាំខេត្តដោយមានការចូលរួមពីលោកជំទាវតំណាងរាស្ត្រ និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះជាប់ និងធ្វើការដោះស្រាយដោយផ្ទាល់ ដើម្បីជម្រះនូវសតិអារម្មណ៍ ឱ្យបានជ្រះស្រឡះទាំងអស់គ្នា។ ឯកឧត្តមបានបន្តថា លោកមិនចង់ឱ្យបងប្អូនប្រើប្រាស់ពេលវេលាដែលអត់ប្រយោជន៍ ពាក់ព័ន្ធទៅនឹងទំនាស់ព្រំដី រឿងជំពាក់លុយ និងរឿងក្តីក្តាំបន្តិចបន្តួច រហូតទៅដល់បាត់បង់ពេលវេលា បាត់បង់ឱកាស និងបាត់បង់ថវិកាក្នុងគ្រួសារនោះឡើយ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា យន្តការដែលលោកមកដឹកនាំខេត្តបានជាង៦ឆ្នាំមកនេះ លោកបានបញ្ចូលខ្លួនជាសមាជិកគ្រួសារម្នាក់ទៀត ជាមួយនឹងបងប្អូនពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឋានជាកូន ជាក្មួយ ជាបង និងជាប្អូន ហើយលោកនឹងប្រើប្រាស់តួនាទីនេះ ទៅលើសុខទុក្ខពួកគាត់គ្រប់ពេលវេលា។ ឯកឧត្តមបានលើកឡើងថា «អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ»។

បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការ របស់ឯកឧត្តម ម៉ៅ ធនិន នានិច្ចជាកាល គឺស្របទៅតាមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់លទ្ធផលឱ្យគ្រប់ភាគីទាំងសង្ខាង ឈ្នះទាំងអស់គ្នា ដោយគ្មានអ្នកចាញ់។ ក្នុងយន្តការដោះស្រាយនេះ បានផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ មិនលំអៀង និងមិនធ្វើឱ្យពួកគាត់មានការថ្នាំងថ្នាក់នោះឡើយ។

លោកប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្តថា សម្រាប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ចាប់តាំងពីម៉ោង ៨ និង៤៥នាទីព្រឹក រហូតដល់ម៉ោង ១២ និង៥៣នាទីរសៀល ឯកឧត្តម ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈមដោយផ្ទាល់ ដល់មូលដ្ឋាន បានចំនួន៤ករណី និងទទួលទានមីកញ្ចប់ ទឹកក្រូច និងទឹកបរិសុទ្ធ ជាអាហារសម្រន់ជួបជុំគ្នាបញ្ចប់រឿងផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង