រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សត្វគោក្របី របស់ប្រជាពលរដ្ឋ នៅស្រុកតាលោសែនជ័យ ចំនួន៣៨៧ក្បាល ទទួលបានការចាក់វ៉ាក់សាំងជំងឺសារទឹក ដោយឥតគិតថ្លៃ ពីមន្ទីរកសិកម្មខេត្តពោធិ៍សាត់(Video inside)

  • 1.6ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ សត្វគោក្របី ចំនួន៣៨៧ក្បាល (ក្របី១៤ក្បាល) របស់ប្រជាពលរដ្ឋនៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ត្រូវបានដឹកមកចាក់វ៉ាក់សាំងការពារជំងឺសារទឹក ដោយឥតគិតថ្លៃ ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងគោលបំណងបង្ការជំងឺរាតត្បាតផ្សេងៗ នារដូវវស្សានេះ ពីព្រោះសត្វពាហនៈ គឺជាកម្លាំងអូសទាញ ដ៏មានសារសំខាន់របស់បងប្អូនប្រជាកសិករ។

យុទ្ធនាការខាងលើនេះ ធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅវត្តបរិវេណវត្តបត់រំដួល ស្ថិតក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ដោយបានការចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត, លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, អាជ្ញាធរស្រុក ឃុំ ភូមិ, ក្រុមបសុពេទ្យ នៃមន្ទីរកសិកម្មខេត្ត, ភ្នាក់ងារពេទ្យសត្វភូមិ និងប្រជាពលរដ្ឋជាច្រើនគ្រួសារ។

បើតាមរបាយការណ៍ របស់លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឱ្យដឹងថា ស្រុកតាលោសែនជ័យ មានឃុំចំនួន២ និងមាន៣៥ភូមិ, ភ្នាក់ងារសុខភាពសត្វភូមិ មានចំនួន២៦នាក់ ក្នុងនោះឃុំផ្ទះរុង ១៣នាក់។ ស្ថិតិគោក្របី ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ មានចំនួន១២,៩៥៩ក្បាល ដោយឡែកក្នុងឃុំផ្ទះរុងមានសត្វគោក្របី សរុប៣,៧២១ក្បាល (ក្របី៤១០ក្បាល) និងមានកន្លែងចិញ្ចឹមគោតាមបច្ចេកទេស ០១កន្លែង។ ជាក់ស្តែងនាថ្ងៃនេះ ក្រុមការងារបានចុះផ្សព្វផ្សាយ និងកំណត់យកទីតាំងភូមិបត់រំដួល ឃុំផ្ទះរុង ធ្វើការបើកយុទ្ធនាការចាក់វ៉ាក់សាំងសារទឹក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ១០៥គ្រួសារ ដែលមានសត្វគោក្របី សរុបចំនួន៣៨៧ក្បាល (ក្របី១៤ក្បាល) ហើយត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំចុះចាក់ផ្ទាល់។

លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានធ្វើការក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ឱ្យចេះថែរក្សាការពារសត្វគោក្របីរបស់ខ្លួន ដោយរាយការណ៍ជាបន្ទាន់ដល់ភ្នាក់ងារពេទ្យសត្វភូមិ ប្រសិនបើមានជំងឺផ្សេងៗកើតមាន ចៀសវាងបង្កឱ្យមានជំងឺឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ។ លោកបានណែនាំដល់បងប្អូនប្រជាកសិករ គួរតែកែប្រែពីការចិញ្ចឹមគោជាជាលក្ខណៈគ្រួសារ មកជាការចិញ្ចឹមគោពាក់កណ្តាលឧស្សហកម្មវិញ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ធានាបានទាំងគុណភាព សុវត្ថិភាព និងអនាម័យ។ លោក ផាត់ សារុន ក៏បានពន្យល់ពីគុណប្រយោជន៍ នៃការបង្កាត់ពូជសិប្បនិម្មិត ដែលក្នុងនោះមានទាំងចំណេញពេល និងកម្លាំងពលកម្ម, អត្រានៃការបង្កកំណើតខ្ពស់ និងកាត់បន្ថយជំងឺឆ្លង។ ក្រៅពីការងារចិញ្ចឹមសត្វ លោកប្រធានការិយាល័យ បានជំរុញការធ្វើឡជីវឧស្មន័តាមគ្រួសារ ដែលវាអាចសន្សំប្រាក់ សន្សំពលកម្ម សន្សំពេលវេលា សម្រាលការងារផ្ទះ មានសុខភាពល្អ កាត់បន្ថយការបំផ្លាញព្រៃឈើ ផ្ទះសម្បែងស្អាត ការពារបរិស្ថាន កាត់បន្ថយឧស្មន័ផ្ទះកញ្ចក់ បានកាកសំណល់ចុងក្រោយ គឺជីដាក់ស្រែ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋដែលជាម្ចាស់គោក្របី ទាំង៣៨៧ក្បាល បានសម្តែងនូវសេចក្តីត្រេកអរជាខ្លាំង ខណៈពេលដែលមានការយកចិត្តទុកដាក់ពីថ្នាក់ខេត្ត និងមន្ទីរ បានចុះចាក់វ៉ាក់សាំងសារទឹក ការពារជំងឺឆ្លង ដល់សត្វគោក្របីរបស់ពួកគាត់៕

Ti Amo (ពស)

https://www.facebook.com/pursatprovincialhall855/videos/2750196418603460/

អត្ថបទទាក់ទង