រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ព្រះចៅអធិការវត្តបាកាន រៀបចំចង្ហាន់ និងទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃ៤០០អង្គ ទូទាំងស្រុកបាកាន ក្រោយជំងឺកូវីដបានធូរស្រាលបន្តិច (Video inside)

  • 1.1ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ដោយមានការឧបត្ថម្ភថវិកាពីសប្បុរសជន ក្នុងនិងក្រៅខេត្ត ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បាននិមន្ដព្រះសង្ឃ ទាំងភិក្ខុ និងសាមណេរ សរុបប្រមាណ៤០០អង្គ មកពីគ្រប់វត្តទូទាំងស្រុកបាកាន ដើម្បីប្រគេនចង្ហាន់ និងទៀនចំណាំព្រះវស្សា ក្នុងលក្ខណៈបង្កើនភាពស្និទ្ធស្នាល រវាងព្រះសង្ឃ និងព្រះសង្ឃ ខណៈជំងឺកូវីដ១៩បានធូរស្រាលបន្តិច ដែលធ្វើឱ្យខកខានរៀបចំពិធីបុណ្យប្រពៃណីនានា។ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណវត្តបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក រុន សុភារិន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន មានសង្ឃដីកាថា ថ្ងៃនេះព្រះតេជគុណបាននិមន្តព្រះចៅអធិការវត្តទាំង៤២វត្ត ទូទាំងស្រុកបាកាន ព្រមទាំងភិក្ខុ និងសាមណេរទាំងអស់ សរុបប្រមាណ៤០០អង្គ ឱ្យមកទទួលចង្ហាន់ ដើម្បីរួមគ្នាជាមហាគ្រួសារព្រះសង្ឃតែមួយ ដូចមហាគ្រួសារប្រជាពលរដ្ឋទាំង៤៩ម៉ឺននាក់ ដែលរៀបចំដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈខេត្តពោធិ៍សាត់ដែរ។ ធ្វើបែបនេះដើម្បីបង្កើនភាពស្និទ្ធស្នាល ដឹងសុខដឹងទុក្ខ និងចេះជួយគ្នាទៅវិញទៅមកពេលមានបញ្ហាអ្វីកើតឡើង។ ព្រះគ្រូចៅអធិការវត្តបាកានបានឱ្យដឹងថា ចង្ហាន់ដែលបានរៀបចំប្រគេនព្រះសង្ឃថ្ងៃនេះ មានស៊ុបគោ មាន់ដុត ត្រីសាមបាក់ ឆាមីសួរ បង្អែម និងភេសជ្ជៈជាច្រើនមុខទៀត ដោយបានការឧបត្ថម្ភពីសម្ដេចម៉ែ៥០០ដុល្លារ, លោកជំទាវ តាំង ហ្កិចណៃ៦០០ដុល្លារ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងនិងក្រៅខេត្ត ជាពិសេសសប្បុរសជននៅភ្នំពេញ និងប៉ោយប៉ែត មាន ឧបាសិកា ស៊ីវ ហ័ង និងក្រុមគ្រួសារ, ឧបាសិកា តាំង សុខហ៊ុយ និងក្រុមគ្រួសារ, អ្នកស្រី ទូច និងក្រុមគ្រួសារ, ឧបាសិកា ហេង នា និងក្រុមគ្រួសារ, ឧបាសិកា ណាង និងក្រុមគ្រួសារ, ឧបាសិកា លន និងក្រុមគ្រួសារ និងអ្នកស្រី សុខលី និងក្រុមគ្រួសារ។

ព្រះតេជគុណ ឡាយ កន បានឱ្យដឹងទៀតថា ឆ្នាំ២០២០នេះ យើងធ្វើពិធីជួបជុំប្រគេនចង្ហាន់ព្រះសង្ឃតែមួយស្រុកបាកានទេ ប៉ុន្តែឆ្នាំ២០២១បើមានលទ្ធភាពគ្រប់គ្រាន់ យើងនឹងធ្វើទូទាំងខេត្តតែម្ដង ដែលមានព្រះសង្ឃសរុបប្រមាណជាង២០០០អង្គ។

ក្នុងនាមថ្នាក់ដឹកនាំមន្ទីរធម្មការ និងសាសនាខេត្ត លោក រុន សុភារិន្ទ បានកោតសរសើរចំពោះ ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន ដែលព្រះអង្គដឹកនាំ និងគ្រប់គ្រងវត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ មានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ និងសប្បុរសជន មកពីគ្រប់ទិសទី ព្រមទាំងបានចិញ្ចឹម និងបណ្ដុះបណ្ដាលដល់សាមណៈសិស្សរាប់រយអង្គ ពីមួយជំនាន់ទៅមួយជំនាន់។ មិនតែប៉ុណ្ណោះព្រះតេជគុណបានចូលរួមក្នុងវិស័យមនុស្សធម៌ ផ្ដល់ស្បៀង សម្ភារៈប្រើប្រាស់ និងថវិកា ដល់សាខាកាកបាទក្រហម ចែកអំណោយជូនប្រជាពលរដ្ឋទីទល់ក្រ អ្នកជំងឺ កុមារកំព្រា កងទ័ព និងជួយសាងសង់ព្រះវិហារ សាលាឆាន់ កុដិ ដល់វត្តខ្វះខាតនៅឆ្ងាយដាច់ស្រយាលផងដែរ។ លោកប្រធានមន្ទីរបន្ថែមថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។

ក្រៅពីប្រគេនចង្ហាន់ និងភេសជ្ជៈដល់ព្រះសង្ឃទាំង៤០០អង្គ ព្រះតេជគុណ ឡាយ កន បានប្រគេនក្រូចពោធិ៍សាត់មួយវត្តមួយប្លូន ដល់វត្តទាំង៤២ ទៀនចំណាំព្រះវស្សា០១គូរ និងបច្ច័យ៥ម៉ឺនរៀលផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង